សាន់វង្សស៊ីផេង

Friday, August 22, 2014

ក.ប្រភេទគំនិត៖


គំនិតមនុស្សត្រូវបានបែងចែកជាបីប្រភេទ គឺ៖
១. គំនិតវិជ្ជមាន៖
ជាការយល់ឃើញ អ្វីមួយក្នុងផ្លូវល្អ ក្នុងផ្លូវក្តីសង្ឃឹមទៅរកភាពប្រសើរ។ ឧទាហរណ៍ យើងមិនបានគិតថា ខ្លួនឯងឬអ្នកដទៃអន់ ឬគ្មានឱកាស ។ យើងបានគិតថា រាល់បញ្ហា សុទ្ធតែកើតចេញពីមូលហេតុ រាល់បញ្ហាសុទ្ធតែមាន ដំណោះស្រាយរបស់វា អ្នកប្រព្រឹត្តល្អ នឹងទទួលផលល្អអ្នកដែលប្រឹងប្រែង នឹងទទួលបានផ្លែផ្កា។ មនុស្សដែល ខ្ជិលច្រអូស អាចនឹងត្រូវបានផ្លាស់ប្តូរ ទៅរកភាពឧស្សាហ៍ព្យាយាម នៅថ្ងៃណាមួយមិនខាន
តាមរយៈការអប់រំដិតដល់ របស់យើងទាំងអស់គ្នា។ យើង គិតថាជោគជ័យ គឺការប្រកាន់យកនូវយុទ្ធសាស្ត្រ «ឈ្នះ ឈ្នះ»។ បើយើងចង់រីកចម្រើន គឺត្រូវតែឲ្យអ្នកដទៃមានការរីកចម្រើនផង ទើបជាភាពជោគជ័យពិតប្រាកដ។ មនុស្សយើង ម្នាក់ៗ គឺសុទ្ធតែមានឱកាស កែប្រែ ទៅរកភាពល្អប្រសើរបានដូចគ្នា។ ឃ្លាប្រយោគ ដែលមនុស្សមានគំនិត វិជ្ជមានច្រើនប្រើ គឺវានឹងកើតមានឡើង។
២. គំនិតប្រាកដនិយម៖
ជាការយល់ឃើញពិភពលោក តាមផ្លូវបែបវិទ្យាសាស្ត្រ។ ឧទារណ៍ មានរូប គឺមានទុក្ខ។ សុខនិងទុក្ខ គឺជាគូនឹងគ្នា។ ចង់បំបាត់ភាពល្ងង់ខ្លៅ គឺត្រូវខិតខំរៀនសូត្រជាប្រចាំ។ អវិជ្ជា គឺជាមេបាបធម៌ទាំងពួង។ បើចង់បានសេចក្តីសុខ ត្រូវតែចេះដណ្តើមសេចក្តីសុខ ពីសេចក្តីទុក្ខ។ ឃ្លាប្រយោគ ដែលមនុស្សមានគំនិតប្រាកដច្រើនប្រើ គឺ វាអាចនឹង កើតមានឡើង។
៣. គំនិតអវិជ្ជមាន៖
ជាការយល់ឃើញអ្វីមួយ ក្នុងផ្លូវមិនល្អ ។ ឧទាហរណ៍ យើងបានគិតថា ខ្លួនឯងឬអ្នកដទៃអន់ ឬគ្មានឱកាស ពិភពលោកប្រកបដោយភាពខ្មៅងងឹតជានិច្ច។ អ្នកប្រព្រឹត្តអាក្រក់ ជិះជាន់កេងប្រវ័ញ្ចអ្នកដទៃ តែងតែឈ្នះគេជានិច្ច។ ពូជអ្នកក្រ គឺមិនអាចក្លាយជាអ្នកមានឡើយ។ យើងគិតថា ឲ្យតែខ្លួនបានសុខ ទោះជាត្រូវស្លាប់ ឬត្រូវប៉ះពាល់ការខូចខាត អ្នកណាក៏ដោយ ក៏មិនខ្វល់អ្វីទាំងអស់។ យើងគិតថា ជោគជ័យ គឺជាទ្រព្យសម្បត្តិ និងជាការ ដែលអ្នកម្ខាងទៀតមានការខាតបង់។ ឃ្លាប្រយោគ ដែលមនុស្សមានគំនិតអវិជ្ជមានច្រើនប្រើ គឺវានឹងមិនអាច កើតមានឡើងបានទេ ។
គំនិតដែលលោកអ្នកគួរប្រកាន់យក គឺ គំនិតវិជ្ជមាន និងគំនិតប្រាកដនិយម ព្រោះថា វាជាពន្លឺនៃជីវិត។ ដោយសារ គំនិតប្រាកដនិយម នៅមានទម្ងន់ស្រាលជាង គំនិតវិជ្ជមាន ខាងផ្នែក ការប្តេជ្ញាចិត្ត ដូច្នេះនៅទីនេះ យើងខ្ញុំសូមបកស្រាយ លម្អិតតែទៅលើ គំនិតវិជ្ជមានប៉ុណ្ណោះ។

ខ. និយមន័យគំនិតវិជ្ជមាន៖
១. តាមវចនានុក្រមសម្តេចព្រះសង្ឃរាជជួនណាត លោកបានពន្យល់ថា គំនិត សំដៅដល់ ការត្រិះរិះ ការពិចារណា ការនឹក ការនឹកដល់ ការរឮក។ វិជ្ជមាន មានន័យថា ដែលកំពុងមាននៅឡើយ ធរមាន ដែលស្រប ដែលចុះសម្រុង។
២. តាមវចនានុក្រម The ideal’ s Harrab លោកបានពន្យល់ថា គំនិត គឺសំដៅដល់ ការពិចារណាអ្វីមួយ នៅក្នុងគំនិត ការជឿជាក់ ហេតុផល ការយល់ឃើញ។ វិជ្ជមាន មានន័យថា ដែលស្រប ដែលមិនបដិសេធ ដែលមិនជំទាស់។
សរុបមក គំនិតវិជ្ជមាន គឺ សំដៅដល់ការត្រិះរិះពិចារណា ការរឮកដល់រឿងរ៉ាវល្អៗ ការសង្ឃឹមជឿជាក់ទៅដល់លទ្ធផល ល្អណាមួយដែលនឹងមកដល់ក្នុងពេលខាងមុខ សំដៅដល់ហេតុផលក្នុងចិត្តទាំងឡាយ ដែលនាំឲ្យមានការចម្រើន លូតលាស់ដល់ខ្លួនឯងនិងអ្នកដទៃ។ បុគ្គលដែលមានគំនិតវិជ្ជមាន គឺជាមនុស្សដែលមើលឃើញឧបសគ្គនានាថា ជាឱកាសក្នុងការសាងស្នាដៃល្អៗទាំងឡាយ។ បុគ្គលដែលមានគំនិតវិជ្ជមាន ជាបុគ្គលដែលតែងតែប្រព្រឹត្តការគិត និងទង្វើល្អៗ ជានិច្ចទាំងសម្រាប់ខ្លួនឯង និងទាំងសម្រាប់អ្នកដទៃ។ គេជាមនុស្សដែលតែងមានជំនឿ ជាក់លើអង្គប្រាំបី (អដ្ឋមគ្គ) នៃមាគ៌ាព្រះពុទ្ធសាសនា ។ បុគ្គលដែលមានគំនិតវិជ្ជមាន តែងមានសុភវិនិច្ឆ័យបានយ៉ាងត្រឹមត្រូវ ទៅលើរឿងរ៉ាវនានារបស់ មនុស្ស សត្វ ក៏ដូចជាធម្មជាតិ ជាបុគ្គលដែលហ៊ានទទួលស្គាល់ការពិត ហ៊ានកែប្រែ គំនិតរបស់ខ្លួនទៅរកភាពត្រឹមត្រូវ ល្អប្រសើរ ជាប្រភេទមនុស្សដែលប្រកបដោយ សីលធម៌ គុណធម៌ ព្រហ្មវិហាធម៌ មានចិត្តនឹងធឹងស្ងប់ស្ងៀម ប្រាជ្ញាមុតថ្លា។
គ. ប្រយោជន៍នៃគំនិតវិជ្ជមាន
នៅក្នុងជីវិត លោកអ្នកជ្រើសរើស ក្តីសង្ឃឹមទៅកាន់ក្តីអស់សង្ឃឹម ភាពមានបានទៅកាន់ភាពក្រខ្សត់ ភាពជោគជ័យ ទៅកាន់ភាពបរាជ័យ។ ខណៈលោកអ្នកគ្រប់គ្រង អារម្មណ៍របស់លោកអ្នក ជំនួសឲ្យការចិញ្ចឹមជីវិត របស់លោកអ្នក ជាមួយនឹងគំនិតអវិជ្ជមាន ហេតុអ្វីលោកអ្នកមិនដាក់ជំនួសគំនិតទាំងនោះ ដោយគំនិតវិជ្ជមានទៅ? ការមានគំនិតវិជ្ជមាន គឺពិតជាមានសារសំខាន់ណាស់ សម្រាប់ខ្លួនឯងក៏ដូចជាពិភពលោក។ សូមលោកអ្នកគិតត្រឹមតែអ្វី ដែលជាគំនិតបែប វិជ្ជមាន ព្រោះថាគំនិតបែបនេះ វានឹងផ្តល់ផលប្រយោជន៍ដល់ប្រាជ្ញា និងសុខភាពលោកអ្នកមួយចំនួន ដូចខាងក្រោម៖
១. សុខភាព៖
សុខភាពលោកអ្នក ក៏ត្រូវបានជះឥទ្ធិពលមកពីគំនិតលោកអ្នកផងដែរ។ ជួនកាលលោកវេជ្ជបណ្ឌិត មិនអាចរកឃើញ នូវអ្វី ដែលជាបញ្ហាដែលកំពុងកើតមាន ចំពោះខ្លួនលោកអ្នកឡើយ។ ប៉ុន្តែលោកអ្នកមានអាការៈឈឺក្រពះ ឈឺក្បាល ឈឺចាក់ច្រាស និងមានរោគសរសៃប្រសាទ។ នៅពេលដែលលោកអ្នក ជំនួសគំនិតរបស់លោកអ្នក ដោយភាពស្ងប់ចិត្ត ជំនឿចិត្ត និងពោរពេញដោយសន្តិភាព ជំនួសឲ្យការមិនសប្បាយចិត្ត ភាពថប់បារម្ភនិងកង្វល់ លោកអ្នកនឹងទទួលបាន នូវអារម្មណ៍ស្រស់ត្រកាលជាមិនខាន។
២. អារម្មណ៍នៃភាពជោគជ័យ៖
មនុស្សគិតបែបវិជ្ជមាន ជម្រុញយ៉ាងពុះពោរនៅក្នុងខ្លួនរបស់គេ នូវអារម្មណ៍មួយនៃភាពជោគជ័យ។ ពួកគេមានភាព ប្រាកដប្រជាពីអ្វីៗ ដែលត្រូវធ្វើឲ្យបានសម្រេច ឬទទួលបានជោគជ័យ។ ពួកគេធ្វើសកម្មភាព ដោយគ្មានស្ទាក់ស្ទើរ។
៣. គំនិតសុទិដ្ឋិនិយម៖
នៅពេលដែលការគិតរបស់លោកអ្នកប្រកបដោយភាពវិជ្ជមាន មានន័យថា លោកអ្នកគឺជាមនុស្សសុទិដ្ឋិនិយម ហើយ ការគិតបែបនេះ នឹងផ្តល់ឲ្យលោកអ្នកនូវអារម្មណ៍មួយ ដែលថា អ្វីៗដែលល្អវានឹងកើតមានឡើង ហើយលោកអ្នក នឹងមើលឃើញ ពីភាពជោគជ័យតាមរយៈអ្វី ដែលលោកអ្នកបានធ្វើ ឬនឹងត្រូវធ្វើ។
៤. ភាពរំជួលចិត្តបែបវិជ្ជមាន៖
ការគិតបែបវិជ្ជមាន ធ្វើឲ្យកើតមាននូវការរំជួលចិត្តបែបវិជ្ជមាន។ ចិត្តរបស់លោកអ្នក មានភាពត្រេកអរណាស់ នៅពេល បានទទួលដំណឹង គួរអោយសប្បាយចិត្ត ឬសំរេចនូវកិច្ចការអ្វីមួយ ជាកក្តាធម្មជាតិ តែគប្បីមើលរំលង ពីលើបញ្ហា ទាំងអស់នេះ (គិតមុខ គិតក្រោយ) ដោយត្រិះរិះគិតអោយបានល្អិតល្អន់ ជាមួយនឹងភាពរំជួលចិត្តនោះ ។
៥. ការឆ្លើយតបប្រកបដោយវិជ្ជមានទៅនឹងភាពបរាជ័យ៖
ដំណើរថយក្រោយនៃជីវិត បង្ហាញឲ្យឃើញនូវមេរៀនដ៏មានតម្លៃ បំផុត។ មនុស្សដែលគិតបែបវិជ្ជមាន មិនបានចាត់ទុកភាពបរាជ័យថា ជាទីអវសាននៃជីវិតឡើយ។ គេមិនព្រមប្រព្រឹត្ត ឬអនុវត្តឡើយនូវគោលបំណង ទាំងឡាយណា ដែលនាំទៅរកភាពអន្តរាយនៃពិភពលោក។ ពួកគេតែងព្យាយាមធ្វើអ្វីៗបន្តទៅទៀត ព្រោះថា ពួកគេនឹង ទទួលបានមកវិញ នូវភាពឆ្លាតវៃកាន់តែច្រើនឡើង។
៦. ទំនុកចិត្តលើខ្លួនឯង៖
មនុស្សគិតបែបវិជ្ជមាន តែងលើកទឹកចិត្តខ្លួនឯង ឲ្យមានទំនុកចិត្តកាន់តែច្រើនឡើងៗ ជាលំដាប់។ ការធានាអះអាង ដោយខ្លួនឯងរបស់លោកអ្នក នឹងជួយជម្រុញនូវចំណង់ដ៏ពុះកញ្រ្ជោល ដល់អ្នកទាំងឡាយដែលនៅជុំវិញ ខ្លួនលោកអ្នក ឲ្យកើតមានឡើង។
៧. មានតម្លៃផ្ទាល់ខ្លួនប្រកបដោយភាពវិជ្ជមាន៖
ការពេញចិត្តចំពោះខ្លួនឯង របស់លោកអ្នកនឹងត្រូវបានលើកស្ទួយ នៅខណៈដែលចិត្តគំនិតរបស់លោកអ្នក ត្រូវបានដាក់ បំពេញដោយគំនិតវិជ្ជមាន។ លោកអ្នកនឹងមានអារម្មណ៍ល្អ ចំពោះខ្លួនឯងបានច្រើនជាប់ជានិច្ច។
៨. គ្រប់ពពកសុទ្ធតែមានបន្ទាត់ប្រាក់របស់វា៖
លោកអ្នកនឹងមានប្រតិកម្ម ទៅនឹងគ្រឿងដាស់សតិពីខាងក្រៅ ដែលអវិជ្ជមានដោយអាកប្បកិរិយាក្នុងចិត្ត ប្រកបដោយ ភាពវិជ្ជមាន។ លោកអ្នកនឹងបានឃើញឱកាស (កាលានុវត្តភាព - ភាពគួរដល់កាល) ទាំងឡាយនៅក្នុង គ្រប់ស្ថានភាព គ្រោះថ្នាក់ (ភាពមិនល្អ ភាពក្រីក្រ ការខ្វះខាត) ទាំងឡាយជាក់ជាមិនខាន។
៩. ប្រឌិតញាណ (គំនិតច្នៃប្រឌិត)៖
ជាមួយនឹងភាពនឹងនរនិងការតាំងចិត្ត ដ៏ជ្រាលជ្រៅប្រកបដោយ ភាពស្ងៀមស្ងាត់ លោកអ្នកនឹងបង្កើតនូវលក្ខខណ្ឌមួយ ដែលនាំឲ្យមានគំនិតច្នៃប្រឌិត ដើម្បីធ្វើឲ្យកើតមាន មនោគិតត្រចះត្រចង់ ជាច្រើន។
១០. ភាពថិតឋេរយូរអង្វែង៖
ភាពជោគជ័យវែងឆ្ងាយ គឺត្រូវបានពង្រឹងឲ្យមាំទាំទៅដោយ មនោសញ្ចេតនាពីក្នុងចិត្តដ៏ជ្រាលជ្រៅ នៃគំនិតវិជ្ជមាន ទាំងឡាយ ។  លោកអ្នកនឹងបានទៅដល់គ្រប់ផ្លូវ ដោយឆ្លងកាត់ភាពជោគជ័យ លើគ្រប់ឧបសគ្គ។ គ្មានអ្វីដែលអាចរារាំង លោកអ្នក មិនឲ្យទទួលបាននូវភាពជោគជ័យ ណាមួយឡើយ។
១១. ទំនាក់ទំនងប្រកបដោយភាពវិជ្ជមាន៖

ជាមួយនឹងអាកប្បកិរិយា ប្របកបដោយភាពវិជ្ជមាន លោកអ្នករាប់អានជាមួយអ្នកដទៃ ប្រកបដោយលក្ខណៈសុភាព រាបសារ ចេះយល់ចិត្តគ្នា និងប្រកបដោយការគោរព។ លោកអ្នកជាមនុស្សឆ្លាតវៃ ក្នុងការបង្កើតទំនាក់ទំនង ជាមួយអ្នកដទៃដោយរក្សាបាន នូវផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ភាពស្មោះត្រង់របស់លោកអ្នក នឹងទទួលបាន នូវការគោរពរាប់អាន សេចក្តីស្រលាញ់ស្មោះស្ម័គ្រពីអ្នកដទៃ។

No comments:

Post a Comment

facebook